ព្រមានបិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

Sun, 26 November 2017

ក្នុង​ពិធី​សំណេះសំណាល ​ជាមួយ​តំណាង​កម្មករ កម្មការិនី​ជិត ៥ ពាន់​នាក់ ​នៅ​សាល​ស​ន្និ​សីទ និង​ពិ​ព័រណ៍កោះ​ពេជ្រ​កាល​ពី​ព្រឹក​​មិញ លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ៖«…ណែវា​ឆ្ងាញ់​បំផុត​ត្រង់​ថា ​គេ​ឲ្យ​ខ្ញុំ​ធ្វើ​នេះ គេ​ឲ្យ​ខ្ញុំ​ធ្វើ​អ៊ីចេះ ការពិត​អា​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ភ្នំពេញ អាហ្នឹង​ត្រូវតែ​បិទ​ចោល ព្រោះ​អាហ្នឹង​ធ្វើតាម​បរទេស អាហ្នឹង​គួរ​មើល ក្រសួងមហាផ្ទៃ​មើល ព្រោះ​អាហ្នឹង​គឺថា​ បរទេស​ជា​អ្នក​ឲ្យ​បង្កើត ​មិនមែន​ខ្មែរ​អ្នកបង្កើត​ទេ»។

លោក​ ហ៊ុន សែន បន្ត​ថា មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​រូប​លោក​ដក​ខ្លួន​ចេញ​ពី​មនយោ​បាយ​មួយ​រយៈ «ហើយ​គេ​ឲ្យ​ខ្ញុំ​ ទៅ​បង្កើត​អង្គការក្រៅរដ្ឋាភិបាល​ឈ្មោះថា​ មជ្ឍ​មណ្ឌល​សិ​ទ្ឌិ​មនុស្ស អ៊ីចឹង​​ទេ​ អានេះ​បរទេស​ឲ្យ​បង្កើត អាហ្នឹង​វា​ខុសរឿង»។

លោក​បន្ត​ថា​៖«បើ​ថា ​អង្គការ​ក្រៅរដ្ឋាភិបាល​ក្រៅប្រទេស​ គេ​មក​បង្កើត​ដោយ​សុំច្បាប់​យើង អាហ្នឹង​មិន​ថា​ទេ តែ​នេះ​ជនជាតិខ្មែរ​ម្នាក់ ត្រូវ​បរទេស​ឲ្យ​បង្កើត ឲ្យ​ធ្វើ​នេះ​ឲ្យ​ធ្វើ​នោះ។ មាន​អា​ឲ្យ​មក​ផ្ដួលរំលំ​រដ្ឋាភិបាល​ តាមរ​បៀ​ប​យូ​ហ្គោ​​ស្លា​វី និង​ស៊ែ​ប៊ី​ទៅទៀត រួច​ចុះ​មិន​ឲ្យ​គេ​ធ្វើ​ទៀត​អី។ ច្បាប់​ប្រទេស​មាន មាន​ហាម​ឃាត់​ការ​ពាក់​ព័ន្ធ​ជាមួយនឹង​បរទេស បម្រើនយោបាយ​បរទេស សូម្បី​តែ​ពាក្យ​សម្បថក្នុង​រដ្ឋ​ធម្មនុ​ញ្ញ គឺ​គេ​ហាម​ឃាត់​ខ្លាំង​ណាស់​អាហ្នឹង»។

លោកស្រី​ចក់ សុភាព​ នាយិការ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នាពេល​បច្ចុប្បន្ន បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ WhatsApp ថ្ងៃនេះ​ថា​ មជ្ឈមណ្ឌល​លោកស្រី​ អាច​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ក្នុង​ពេល​ឆាប់ៗ ដើម្បី​ឆ្លើយតប​ នឹង​ការ​អត្ថ​ធិ​ប្បាយ​រប​ល់​លោកនាយ​ករដ្ឋ​មន្ត្រី។ លោកស្រី​ថ្លែង​យ៉ាងខ្លី​ថា៖«សូម​អនុញ្ញាត​ឱ្យ​យើង​មាន​ពេលវេលា​ដើម្បី​ពិនិត្យ​តាម​សុន្ទរកថា​ជាក់ស្តែង​ជាមុន​សិន ហើយ​យើង​ប្រហែល​ជា​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​បញ្ហា​នេះ»៕

This entry was posted in LAC. Bookmark the permalink.