Activities

កិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធការអនុវត្ត “ច្បាប់ស្តីពីរបបសារព័ត៌មាន”

ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធការអនុវត្ត “ច្បាប់ស្តីពីរបបសារព័ត៌មាន”

នាព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីដល់ ១២:០០ ថ្ងៃត្រង់ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ។អង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា បានសហការជាមួយ មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង នឹងមន្ទីរព័ត៌មានខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្ត “ច្បាប់ស្តីពីរបបសារព័ត៌មាន” ជាលើកទី៤។ ដែលមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង លោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និង លោក រុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នឹងវត្តមានភ្ញៀវកិត្តិយសពីស្នងការនគរបាលខេត្តបាត់ដំបង អង្គការសង្គមស៊ីវិល មន្ទីរខេត្តពាក់ព័ន្ធ សាលាដំបូងខេត្តបាត់ដំបង និង អ្នកសារព័ត៌មានតាមបណ្តាអង្គភាពក្នុងខេត្តបាត់ដំបងប្រមាណ៤០នាក់ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ ។ក្នុងឱកាសនោះ ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង បានអំពាវនាវដល់អ្នកសារព័ត៌មាន សូមចុះផ្សាយព័ត៌មានដែលជាការពិត មានប្រយោជន៍ សម្រាប់អ្នកមើល ឬស្ដាប់ ត្រូវយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ គ្រប់ប្រភព ចៀសវាងមានការភ័ណ្ឌច្រឡំ ។ឯកឧត្តម ក៏បានលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន គួរគប្បីចូលរួមវគ្គបណ្តុះបណ្តាលពីច្បាប់របបសារព័ត៌មាន និងមិនយល់ត្រង់ចំណុចណាគួរសាកសួរអ្នកច្បាប់ ឬអ្នកយល់ដឹងពីច្បាប់ ដើម្បីបង្កើនចំណេះដឹង ហើយពេលអនុវត្តការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមិនផ្ទុយនឹងច្បាប់ ។លោក រុន សារ៉ាយ នាយកអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) បានលើកឡើងថា យើងចង់ឲ្យអ្នកសារព័ត៌មានទាំងអស់ ពេលអនុវត្តការងារ គឺប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយរាល់ព័ត៌មានចេញផ្សាយ មានប្រយោជន៍ដល់សង្គម រួមទាំងចង់ឲ្យពួកគាត់បានយល់ដឹងពីច្បាប់អ្នកសារព័ត៌មាន ។លោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មានប្រចាំខេត្តបាត់ដំបង ក៏បានលើកឡើងដែលថា អ្នកសារព័ត៌មានគួរប្រកាន់ភ្ជាប់នៅក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនជាអ្នកសារព័ត៌មានដែលមានចែងក្នុង ច្បាប់ស្តីពីរបបសារព័ត៌មាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដែលតែងតែរៀបចំកិច្ចប្រជុំពិភាក្សា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាដើម ដើម្បីឲ្យអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់ពីក្រមសីលធម៌ នឹងច្បាប់ពាក់ព័ន្ធ ៕